(ប៉ៃលិន)៖ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពរនានា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញមជ្ឈមណ្ឌលបណ្តុះបណ្តាល រោងជាង បន្ទប់ពិសោធន៍ និងបានជួបប្រជុំជាមួយនាយិកាស្តីទី ប្រធានផ្នែក មន្ត្រីអគ្គនាយកដ្ឋាន គណៈគ្រប់គ្រងមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងមន្រ្ដី ដោយបានផ្តល់អនុសាសន៍មួយចំនួនផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ត្រូវបន្តរៀបចំការបណ្តុះបណ្តាលឱ្យកាន់តែឆ្លើយតបជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET ១,៥លាននាក់ ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅទៅតាមផែនការបណ្តុះបណ្តាល។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយសិស្សតាមថ្នាក់កម្រិតសញ្ញាបត្របច្ចេកទេស និងសញ្ញាបត្រវិជ្ជាជីវៈ១(C1) ដោយឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀន ដើម្បីជាស្នូលនៃប្រទេសជាតិ ជាពិសេសសិស្សនៅពេលរៀនចប់ មានការងារធ្វើត្រូវមានសមត្ថភាព ឥរិយាបថល្អ និងភាពស្មោះត្រង់៕
#MLVT #HENGSour #TVET