ថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
អោយតែដល់ថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ម្ដងៗ ពុទ្ធសាសនិកតែងតែនាំគ្នាប្រារព្ធពិធីដ៏ធំមួយគឺបុណ្យ «មាឃបូជា»។ ពិធីនេះគឺជាឱកាសអោយពុទ្ធសាសនិករំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួនដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល។
ពិធីបុណ្យមាឃបូជា ជាទូទៅត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ។
អ្នកសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនាបញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ។