នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី អាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិ ឆ្នាំ២០២៥ ដែលមានការចូលរួមពីលោកបណ្ឌិត Niu Li នាយកភាគីចិន ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតរបស់វិទ្យាស្ថាន ប្រមាណជាង ១៨០នាក់។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកបណ្ឌិតនាយកភាគីចិនរបស់វិទ្យាស្ថាន បានធ្វើការចែករំលែកពីការសិក្សានិងការរស់នៅរបស់និស្សិតបរទេស ដែលកំពុងសិក្សានៅប្រទេសចិន។ ជាពិសេស លោកបណ្ឌិតនាយកបានលើកឡើងពីការសិក្សារបស់និស្សិតកម្ពុជាយើងដែលកំពុងសិក្សានៅសាកលវិទ្យាល័យជីវជាំង។ លោកបណ្ឌិតនាយក ក៏បានលើកឡើងថា ការសិក្សានៅប្រទេសចិន គឺជាឱកាសអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងភាសាចិនដ៏ល្អមួយ ដែលនិស្សិតកម្ពុជាគប្បីចាប់ឱកាសនេះឱ្យបាន។
គួរបញ្ជាក់ផងដែរថា ការដាក់ពាក្យស្នើសុំអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិឆ្នាំ២០២៥ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។ ដូចនេះ និស្សិតដែលមានបំណងដាក់ពាក្យស្នើសុំ សូមរួសរាន់រៀបចំឯកសារ និងទាក់ទងមកគ្រូបន្ទុកថ្នាក់របស់ខ្លួន៕